តំបន់ប្រតិបត្តិការសឹករងកោះកុង ចំណុះយោធភូមិភាគទី៣ ធ្វើយុទ្ធនាការត្រួតពិនិត្យសារធាតុញៀន ក្នុងជួរយោធិនទូទាំងកងឯកភាព
ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ ស្តីពីវិធានការទប់ ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅ ក្នុងកងយោធពលខេមរភូមិន្ទ
ជាក់ស្តែងនៅថ្ងៃទី១១ ខែមករាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រមេបញ្ជាការ កងឯកភាពតំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំក្រុមការងារ ដោយក្នុងនោះមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញ ផ្នែកសុខាភិបាល និង គិលានដ្ឋានចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង បានបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន គ្រប់យោធិនទូទាំងកងឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង ។
ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ បានមាន ប្រសាសន៍ក្នុងឱកាសនោះដែរការធ្វើយុទ្ធការត្រួតពិនិត្យរកសារធាតុញៀននៅពេលនេះ ធ្វើឡើងស្របទៅតាម អនុ សាសន៍ណែនាំដ៏ខ្ពង់ខ្ពង់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ ជាពិសេសដើម្បីចូល រួមចំណែកលុបបំបាត់ និងបញ្ជាក់ថាគ្មានយោធិនណាម្នាក់ក្នុងកងយោធពលខេមរ ភូមិន្ទ មានជាប់ ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហើយបើក្នុង ករណីត្រួតពិនិត្យឃើញថាមានយោធិនណាម្នាក់មានជាប់ពាក់ព័ន្ធគ្រឿងញៀន និងត្រូវធ្វើរបាយការណ៍ទៅថ្នាក់លើតាមឋានានុក្រម ដើម្បីស្នើសុំលុបឈ្មោះបណ្តេញចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ។
សូមបញ្ជាក់ដែរថាយុទ្ធនាការនេះធ្វើឡើងរយះពេល២ ថ្ងៃនៅថ្ងៃទីមួយ ធ្វើនៅទីបញ្ជាការ ,អង្គភាពជុំវិញទីបញ្ជាការ ,ផ្នែកសឹករងផ្ទៃក្នុងភូមិសាស្រ្ត និងថ្ងៃទីពីរធ្វើនៅ០១ផ្នែកសឹករងមណ្ឌល និង០១កងវរសេនាតូចការពារព្រំដែនលេខ៣៕