សម្តេចធិបតី អំពាវនាវឱ្យរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ប្រពៃណីខ្មែរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ប្រពៃណីខ្មែរ ដោយមិនត្រូវធ្វើអ្វីដែលភ្លើតភ្លើនហួសព្រំដែន និងសិទ្ធិសេរីភាពនោះឡើយ។
សម្ដេចធិបតី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់ខ្មែរយើងពីមួយជំនាន់ទៅមួយជំនាន់ដើម្បីកុំឱ្យបាត់បង់ ជាពិសេសគឺថែរក្សាតម្លៃស្រ្តីខ្មែរយើងផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី បន្តអនុវត្តកិច្ចការអប់រំ តម្រង់ទិសដល់អ្នកដែលផ្សព្វផ្សាយផលិតផលអនឡាញ ឬអ្នកដែលបង្កើតមាតិកាដែលធ្វើសកម្មភាពគ្មានក្រមសីលធម៌ និងហួសព្រំដែននៃសិទ្ធសេរីភាព។
បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំពួកគាត់ មិនឱ្យធ្វើអ្វីដែលហួសព្រំដែនរបស់ខ្លួន ហើយចូលរួមគោរពច្បាប់ មានក្រមសីលធម៌សង្គម និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីជាតិខ្មែរ ៕