រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទរយៈពេល ៥ឆ្នាំ (២០២៤ – ២០២៨) របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទរយៈពេល ៥ឆ្នាំ (២០២៤ – ២០២៨) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គាធិការ ឯកឧត្ដមអគ្គនាយក ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំង មន្ដ្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំបានដំណើរការដោយមានការពិភាក្សាយ៉ាងផុលផុស សំដៅកំណត់ឲ្យបានចក្ខុវិស័យថ្មីនៃការអភិវឌ្ឍន៍ជនបទសម្រាប់រយៈពេល៥ឆ្នាំរបស់ក្រសួង ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនិងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងបុិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ” ធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់កម្ពជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ៕