សម្តេចធិបតី ណែនាំឱ្យក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធបន្តអនុវត្តវិធានការក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងកិច្ចការនារី និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តអនុវត្តកម្មវិធី និងវិធានការនានាក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់កម្រិតនិងគ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប ទាំងស្ត្រី និងបុរស មានសិទ្ធិនិងឱកាសពេញលេញដូចគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ក្រសួងកិច្ចការនារី និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការនានាក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និង កមេងស្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប ទាំងស្ត្រី និងបុរសមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបានជម្រើសនិងភាពជាតំណាង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាប័ន្ននិងចីរភាព»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដើម្បីរក្សាភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ និងប្រសិទ្ធភាពការងារ សូមស្នើឱ្យក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាពក្នុងការរៀបចំតែងតាំងស្ត្រីដែលជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្តល់ឱកាសបម្រើការងារមូលដ្ឋានដែលនៅជិតក្រុមគ្រួសាររបស់គាត់ផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រសួងកិច្ចការនារី បន្តដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធក្នុងការ បញ្ចូលនូវអាទិភាពទាំងនេះទៅក្នុងដំណើរការអភិវឌ្ឍ និងគោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ, ផែនការយុទ្ធសាស្រ្តនារីរតនៈ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីតាមវិស័យស្របតាមរបៀបវារៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកការលើកកម្ពស់សមភាពយេនឌ័រ ជាអភិក្រមអាទិភាពស្នួល និងអន្តរវិស័យផងដែរ ៕