វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)បើកសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅក្នុងទីស្តីការក្រសួងបរិស្ថាន
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានបើកសម្ពោធការិយាល័យថ្មីរបស់ខ្លួន នៅក្នុងទីស្តីការក្រសួងបរិស្ថាន កញ្ញា Shomi Kim តំណាងប្រចាំប្រទេសនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានលើកឡើងថា ការិយាល័យថ្មីនេះ ជាភស្តុតាងបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាង GGGI និងក្រសួងបរិស្ថាន ស្របតាមទិសដៅអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់ទី១នេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការសាទរចំពោះការិយាល័យថ្មី និងអបអរជាមួយ GGGI ក្នុងភាពជាដៃគូក្រោមកិច្ចសហប្រតិបត្តិការដ៏ជិតស្និត ដើម្បីជំរុញការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាពឱ្យសម្រេចទៅបានដោយជោគជ័យ ចាំបាច់ណាស់ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺការរួមចំណែកពីសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា ដែលជាគ្រឹះរឹងមាំជួយឱ្យកម្ពុជាស្អាត។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ភាពស្អាតគឺត្រូវបានចែកចេញជា៣ ទី១ ភាពស្អាតខាងក្រៅ ដោយការសម្អាតបរិស្ថានជុំវិញខ្លួនយើង ទី២ ភាពស្អាតពីខាងក្នុង ដោយការសម្អាតចិត្តឱ្យស្អាតល្អបរិសុទ្ធ និងទី៣ គឺសម្អាតសុខភាពឱ្យបានស្អាតល្អដោយកាត់បន្ថយការបំពុលនានាមកលើសុខភាពរបស់មនុស្ស ហើយតាមរយៈកិច្ចសហប្រតិបត្តិការជាមួយ GGGI នេះ នឹងបង្កើនកម្លាំងសាមគ្គីភាពរួមគ្នា ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជាឱ្យចេញចាកផុតពីភាពក្រីក្រឆ្ពោះទៅជាអ្នកមានជីវភាពមធ្យមកម្រិតខ្ពស់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕