អភិបាលខេត្តកណ្តាល ក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារបង្ក្រាប និងបន្តតាមដាននូវរាល់មុខសញ្ញាបទស្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមមូលដ្ឋាន
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៦ អាណត្តិទី៣ នៅសាលាខេត្តកណ្តាល ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តម នូ សាខន បានគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុក ហើយក៏ជាការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្តអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យអង្គប្រជុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើការក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុង-ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារបង្ក្រាប និងបន្តតាមដាននូវរាល់មុខសញ្ញាបទស្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមមូលដ្ឋាន ជាងនេះទៅទៀត សមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំទប់ស្កាត់ឱ្យបានលើករណីគ្រឿងញៀន ចំពោះអ្នកញៀនគ្រឿងញៀនត្រូវប្រើយន្តការអប់រំកែប្រែនៅមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្នុងខេត្ត ដើម្បីឱ្យពួកគាត់មានឱកាស អភិវឌ្ឍន៍ខ្លួនតាមរយៈការរៀនជំនាញវិជ្ជាជីវៈផ្សេងៗនៅក្នុងមណ្ឌល អាចប្រែក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គមឡើងវិញ។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ១០របៀបវារៈ សំខាន់ៗ ៕