អ្នកនាំពាក្យ៖ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទង «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាការប្រឆាំងទៅនឹងផលប្រយោជន៍ជាតិ
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ក្នុងស្រុកមួយកាលពីពេលថ្មីៗនេះថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទង «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាការប្រឆាំងទៅនឹងផលប្រយោជន៍ជាតិ។
ឯកឧត្តមបានពន្យល់ថា បច្ចុប្បន្ននេះប្រទេសនីមួយៗគេខិតខំប្រឹងស្វែងរកគំនិតនិងយុទ្ធសាស្រ្តថ្មីៗ ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ ដែលក្នុងនោះការសម្រួលនិងពង្រីកផ្លូវគមនាគមន៍សម្រាប់ការដឹកជញ្ជូន ទាំងផ្លូវគោកនិងផ្លូវទឹកគឺសំខាន់ណាស់ ហេតុនេះអ្នកដែលផ្សាយព័ត៌មានមិនពិតទាក់ទងនឹង «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាការប្រឆាំងទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង។
ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តាផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿ និងចែករំលែកបន្ត៕