ក្រសួងមហាផ្ទៃ រកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានរកឃើញថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទូយសិទ្ធិសេរីភាព ក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគម និងអង្គមិនមែនរដ្ឋាភិបាល។
ដោយមើលឃើញពីចំណុចនេះ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីឲ្យស្ថាប័នដែលមិនបានបំពេញកាតព្វកិច្ច ត្រូវបំពេញឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា បច្ចុប្បន្ននេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក រហូតមកដល់បច្ចុប្បន្នមានចំនួន៦,២៧៩ ក្នុងនោះសមាគមមានចំនួន២,៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣,៥៣២ ត្រូវបានចុះបញ្ជីនិងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ហើយអាចធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
វត្តមាន នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យជាច្រើននៅទូទាំងប្រទេស ក្នុងនោះមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានបំពេញ កាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀតមិនបានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ ទោះបីក្រសួងមហាផ្ទៃធ្លាប់បានដាក់ចេញនូវសេចក្តីជូនដំណឹងអំពីការបំពេញកាតព្វកិច្ច ចំពោះសមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកចំនួនពីរលើករួចមកហើយក៏ដោយ។
លើមូលដ្ឋាននេះ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួម លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃសូមធ្វើការរំលឹកសារជាថ្មីចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវបំពេញ កាតព្វកិច្ចមួយចំនួន ដូចសេចក្ដីជូនដំណឹងខាងក្រោមនេះ៕