ក្រសួងធនធានទឹក ជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុបន្ដរដូវប្រាំងដល់ដើមខែឧសភា ២០២៤
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុបន្ដរដូវប្រាំងដល់ដើមខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុបន្តនៅក្នុងរដូវប្រាំងដូចខាងក្រោម៖
១-សីតុណ្ហភាពនៅក្នុងរដូវប្រាំងមានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។
២-ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត(យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤។
យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន ៕