ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត
ភ្នំពេញ៖ នាថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារចុះដាក់ប្រអប់សំបុត្រ និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីការទទួលឆ្លើយតប (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍មកបិទនៅប៉ុស្ដិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ, កំពង់ផែអន្ដរជាតិស្ទឹងហាវ និងកំពង់ផែអន្ដរជាតិឧកញ៉ាម៉ុងសរុបចំនួន ៦ទីតាំង នៃនាយកដ្ឋានច្រកទ្វារទី២។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយក ដល់បងប្អូនមន្រ្តីនគរបាលអន្តោប្រវេសន៍។
បន្ទាប់មក ឯកឧត្តម បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារ និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិដោយបញ្ចេញស្នាមញញឹមរាក់ទាក់ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ព្រមទាំងបានណែនាំ និងក្រើនរំលឹក លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ ៕