ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជូនដំណើរសម្តេចធិបតី និងលោកជំទាវ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីស
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានចូលរួមជួនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ គ្លេស ធ្លាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។
អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
ក្រោមមូលបទ «ការកសាងឡើងវិញនូវទំនុកចិត្ត» កិច្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។ ថ្នាក់ ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានានឹងចូលរួម ក្នុងកិច្ចប្រជុំនេះ ៕