រាជរដ្ឋាភិបាល អនុញ្ញាតឱ្យសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស សិក្សាគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណប នៅមណ្ឌលគិរី
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិឱ្យសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស សិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្តមណ្ឌលគិរី។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍគម្រោងខាងលើនេះស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃកម្ពុជា។
សូមជម្រាបថា រាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនចិន China Power ធ្វើការសិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរីនេះ។ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង៨០លានដុល្លារ។
ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចសកល ធ្វើឱ្យក្រុមហ៊ុន China Power ធ្វើឱ្យគម្រោងនេះត្រូវបានជាប់គាំងមិនដំណើរការ។ ទើបតែពេលនេះ រាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនថ្មី សិក្សាពីគម្រោងវិនិយោគព្រលានយន្តហោះមណ្ឌលគិរីនេះ ៕