សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានផ្ញេីសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។
ខ្លឹមសារលិខិតខាងក្រោមនោះមាន៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីវឌ្ឍនមង្គលជូន សម្ដេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំសង្គមជាតិ មាតុភូមិកម្ពុជា តរៀងទៅ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមគោរពសម្តែងនូវការកោតស្ញប់ស្ញែង ចំពោះ គំរូវីរភាព របស់ សម្ដេចក្រឡាហោម ដែលជាឥស្សរជនមួយរូបនៃកម្ពុជា មានគុណបំណាច់ និងការលះបង់យ៉ាងធំធេង ក្នុងភាពជាអ្នកដឹកនាំបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន សម្រេចបាន ជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងការការពារនិរន្តរភាពរាជានិយម ការពារនិងគោរពចំពោះ ព្រះពុទ្ធសាសនា ដោយស្វាមីភក្តិដ៏ស្មោះស្ម័គ្របំផុត រក្សាបានឯកភាពជាតិ ឯករាជ្យភាព អធិបតីភាព បូរណភាពទឹកដី ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសដ៏សិរីសួស្តីប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕