គណបក្សប្រជាជនកម្ពុជា ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ»
ភ្នំពេញ៖ បក្សកាន់អំណាចនៅប្រទេសកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវ «នយោនយោបាយចិនតែមួយ» ទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។
យោងតាមរយៈសេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនគោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន។
គណបក្សប្រជាជនកម្ពុជា ក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយ ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ការប្រកាសជំហររបស់គណបក្សកាន់អំណាចនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពី គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកាន់អំណាចនៅតៃវ៉ាន់សព្វថ្ងៃ បានទទួលការគាំទ្រសម្រាប់ អាណត្តិទី៣ ជាប្រវត្តិសាស្ត្រ ក្នុងការបោះឆ្នោត នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ជាមួយនឹងសំឡេងគាំទ្រច្រើនជាង ៤០ភាគរយ ខណៈដែល លោក Lai Ching-te ត្រូវជាប់មេដឹកនាំបន្ទាប់របស់តៃវ៉ាន់៕