ក្រសួងការងារ បើកបវេសនកាលវគ្គបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រដោយអំពាវនាវឱ្យសិក្ខាកាម រៀនឱ្យចប់ ឱ្យចេះ ដើម្បីមានការងារធ្វើសមរម្យ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលជាកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
កម្មវិធីនេះ បានធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដោយមានអ្នកចូលរួមប្រមាណ៣៧០០នាក់ រួមមានសិក្ខាកាម យុវជន និងលោកគ្រូ អ្នកគ្រូ រួមទាំងតំណាងវិស័យឯកជនផងដែរ។
ថ្លែងទៅកាន់សិក្ខាកាម ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លទ្ធផលចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញគឺ «គ្រប់គ្នាពេលដែល រៀនចប់គឺចេះ ចេះហើយគឺមានការងារធ្វើ»។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី បើសិនជាពេលចប់មានតែសញ្ញាបត្រ ប៉ុន្តែអត់មានការងារធ្វើ នោះក៏មិនមែនជាលទ្ធផលជោគជ័យដែលប្រមុខរាជរដ្ឋាភិបាលចង់បាននោះទេ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមតំណាក់កាលដែលថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋ សិក្ខាកាមជាយុវជន យុវតី លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យទាំងអស់ ត្រូវបន្តរួមគ្នាទៀតរហូតដល់ពេលដែលវគ្គបណ្តុះបណ្តាលនេះ បានសម្រេចដូចក្តីប្រាថ្នាដែលមានន័យថាមានការងារធ្វើ ការងារដែលល្អជាងមុន ការងារដែលមានចំណូលទៀងទាត់។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីជាប្រមុខ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដើម្បីទទួលបានជំនាញជាក់លាក់មួយដោយពិតប្រាកដ និងមានការងារសមរម្យក្រោយបញ្ចប់ការបណ្តុះបណ្តាលដោយក្នុងនោះរដ្ឋាភិបាលនឹងឧបត្ថម្ភយុវជនដែលជាសិក្ខាកាមមកពីគ្រួសារក្រីក្រនូវទឹកប្រាក់ចំនួន២៨ម៉ឺនរៀលក្នុងមួយខែ៕