ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ ៦៨២នាក់ ពាក់ព័ន្ធនិងបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន ២៩០ករណី រយៈពេល២សប្ដាហ៍ដើមឆ្នាំ២០២៤
ភ្នំពេញ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលពីរសប្ដាហ៍ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ យ៉ាងហោចណាស់មានជនសង្ស័យ ៦៨២នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន (ធន់ល្មម)សរុប២៩០ករណីសរុបទូទាំងប្រទេស។
លោកបន្តថា តួលេខនេះ គឺជាលទ្ធផលទូទាំងប្រទេសដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗនៃក្រសួងមហាផ្ទៃរបស់ បានប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ និងមានការចូលរួមផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ។
អ្នកនាំពាក្យរងរូបនេះ បានបង្ហើបបន្ថែមទៀតថា ជនសង្ស័យទាំង ៦៨២ នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយធនល្មម ខណៈសមត្ថកិច្ចក៏បានចាត់ការលើករណីជួយដូរទ្រង់ទ្រាយធំមួយករណីផងដែរនៅថ្ងៃទី៨ ខែមករា។
លោក ទូច សុឃៈ (សុខៈ) បន្ថែមថា ករណីទ្រង់ទ្រាយធំនេះ កើតឡើងនៅច្រករបៀងអូរតាលឹម ក្នុងភូមិសាស្ត្រ ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ដោយចាប់យកវត្ថុតាងមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ១៦០កញ្ចប់ ទម្ងន់ ១៥៩គីឡូក្រាម និង ៤៤៩.៨៦ក្រាម និងគោយន្តកន្ត្រៃ ០១គ្រឿង ខណៈជនសង្ស័យ ០២រូប ភេទប្រុសរត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប។
លោកអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជក់ថា លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ គឺជាការបង្ហាញកិច្ចខិតខំប្រឹងប្រែងទ្វេដង អនុវត្តតួនាទីភារកិច្ច បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពីសំណាក់អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ហើយការអនុវត្តនេះ គឺជាទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។ ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕