អង្គការ និងសមាគមចំនួន១០ ចេញសេចក្ដីថ្លែងការរួមស្ដីពីការកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមចេញពីកម្ពុជា
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មានអង្គការ និងសមាគមចំនួន១០ បានចេញសេចក្ដីថ្លែងការរួមមួយ ស្ដីពីការកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមចេញពីកម្ពុជា។
អង្គការ សមាគម បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះអ្នកនយោបាយជ្រុលនិយមមួយក្រុមដឹកនាំដោយ លោក សម រង្ស៊ី និងបក្សពួក ព្រមទាំងប្រព័ន្ធឃោសនាសារព័ត៌មាន វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅក្រៅប្រទេស ដែលនៅតែបន្តសាបព្រោះនយោបាយជ្រុលនិយមនៅកម្ពុជា។
ទន្ទឹមនឹងនេះ អង្គការ សមាគម គាំទ្រនូវកិច្ចព្រមព្រៀងសហប្រតិបត្ដិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៨ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលជាវប្បធម៌នយោបាយនៃការរួបរួមសាមគ្គីខ្មែរនិងខ្មែរ ដើម្បីរក្សាអោយបាននូវឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕