សម្ដេចធិបតី៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតនៃធនធានមនុស្ស
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតនៃធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ ។
តាមរយៈបណ្ដាញតេឡេក្រាមសម្ដេចមធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយដាក់ឱ្យអនុវត្តរយៈពេល ២ខែគត់ មកនេះ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជនលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿជាក់ថានឹងទទួលបាននូវចំណេះជំនាញក្នុងការបំពេញទីផ្សារការងារ ក៏ដូចជាកែប្រែសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែធូរធាផងដែរ។ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃបើកបវេសនកាលផ្លូវការនៃវគ្គទី១ទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ ដោយក្នុងវគ្គទី១៖ មានសិក្ខាកាមចំនួន ១៥ ០០០នាក់ ដោយសិក្សាលើវិស័យចំនួន១០ និង ៣៨មុខជំនាញ ដោយបែងចែកចេញជា ៥០០ថ្នាក់។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ រដ្ឋាភិបាល ក៏សូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាពីគ្រូជំនាញ និងរក្សានូវគោលការណ៍ “ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ” ដើម្បីអនុវត្តអំឡុងពេលសិក្សាជាប់ជាប្រចាំ៕