ក្រសួងធនធានទឹក បន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងជើងកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២០-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី១៧-២៣°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
⁃ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៧-២០°C។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ។
ក្រសួងបន្ថែមថាអាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាននិងជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕