ឯកឧត្តម ហេង សួរ៖ ប្រធានសហជីពនៅកម្ពុជា គ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុជាមួយកម្មករ ដែលជាការអនុវត្តតាមស្តង់ដាអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអះអាងថា សហជីពនៅកម្ពុជាមួយភាគធំគ្មានតម្លាភាព ចំពោះកម្មករលើបញ្ហាហិរញ្ញវត្ថុនោះឡើយ ខណៈដែលបញ្ហាតម្លាភាពនេះ គឺជាការអនុវត្តស្តង់ដាអន្តរជាតិជាទូទៅ។
នេះគឺជាការដឹកនាំដោយគ្មានតម្លាភាព និងមិនបានអនុវត្តតាមស្តង់ដាអន្តរជាតិ ដែលសហជីពទាំងអស់ត្រូវតែបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុឱ្យសមាជិករបស់ខ្លួនបានដឹង ព្រោះថា សហជីពទទួលលុយវិភាគទានពីកម្មករ ហើយកម្មករក្នុងនាមជាម្ចាស់លុយត្រូវតែមានសិទ្ធិសួរដេញដោលឱ្យប្រធានរបស់ខ្លួនបង្ហាញជូនកម្មករជាទូទៅនៅចំពោះមុខសន្និបាតប្រចាំឆ្នាំរបស់សហជីព។
ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ “នៅស្រុកគេ(បរទេស)របាយការណ៍ហិរញ្ញវត្ថុត្រូវផ្សព្វផ្សាយប្រចាំឆ្នាំ ដោយត្រូវមានសន្និបាតប្រចាំឆ្នាំ ហើយប្រាប់សមាជិករបស់ខ្លួនថា ឆ្នាំនេះលុយបានមកពីសមាជិកដែលប្រមូលបានមានចំនួនប៉ុន្មាន យកទៅធ្វើអ្វីខ្លះ ចាយលើអ្វីខ្លះ ហើយលុយដៃគូ(បរទេស) ដែលបានមកត្រូវចាយអ្វីខ្លះ? នេះទើបហៅថាអនុវត្តស្តង់ដាអន្តរជាតិ”។
ការលើកឡើងរបស់ឯកឧត្តរដ្ឋមន្ត្រីនេះ គឺធ្វើឡើងក្នុងពេលដែលកម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់សុពលភាពថ្នាក់ជាតិស្តីពី កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដែលសិក្ខាសាលានេះរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO)ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស៕