លោក ពូទីន និងលោក ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងជូនពរគ្នាទៅវិញទៅមកក្នុងការបោះឆ្នោត
បរទេស៖ វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដោយពិភាក្សាអំពីអ៊ុយក្រែន និងជូនពរគ្នាទៅវិញទៅមកក្នុងការបោះឆ្នោតនាពេលខាងមុខ។
មេដឹកនាំទាំងពីរ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលមានផលប្រយោជន៍ទៅវិញទៅមក និងបានពិភាក្សាប៉ះពាល់ដល់ ស្ថានភាពនៅអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង។
ពួកគេក៏បានជូនពរគ្នាទៅវិញទៅមកជោគជ័យនៅក្នុងការបោះឆ្នោតសភានាពេលខាងមុខនៅក្នុងប្រទេសឥណ្ឌា និងការស្ទង់មតិប្រធានាធិបតីនៅក្នុងប្រទេសរុស្ស៊ីផងដែរ។
ឥណ្ឌាបានរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ខ្លួនជាមួយរុស្ស៊ី ចាប់តាំងពីការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ទោះបីជាប្រទេសនេះនៅតែជិតស្និទ្ធជាមួយបណ្តាប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិក ខណៈពេលដែលមានការរិះគន់ម្តងម្កាលយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូ។