ក្រសួងការងារ គាំទ្រការបណ្តុះបណ្តាលជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។
ការលើកឡើងនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារៈសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកប្រធានសមាគម បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការចង់ឱ្យមាន ការបណ្តុះបណ្តាលជំនាញបច្ចេកទេសកែច្នៃត្បូង និងគ្រឿងអលង្ការនេះ។
ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសដៃគូលើគ្រឿងអលង្ការមានតម្លៃនេះ មានទំហំដល់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ ៕