អគ្គនាយកដ្ឋានកៅស៊ូ ណែនាំ ៥ចំណុចពីវិធានការបង្ការអគ្គីភ័យ ក្នុងចម្ការកៅស៊ូ នៅរដូវជ្រុះស្លឹក
ភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការបង្ការអគ្គិភ័យក្នុងចម្ការកៅស៊ូនៅរដូវជ្រុះស្លឹក ។
អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ជាទូទៅ អាកាសធាតុនៅរដូវប្រាំងតែងមានសភាពក្តៅស្ងួតហួតហែង ស្របពេលដើមកៅស៊ូចាប់ផ្តើមជ្រុះស្លឹក ចន្លោះពីខែមករា រហូតដល់ចុងខែកុម្ភៈ ដែលអាចបង្កជាគ្រោះអគ្គីភ័យជាយថាហេតុនៅក្នុងចម្ការកៅស៊ូ។
អគ្គនាយកដ្ឋានកៅស៊ូបញ្ជាក់ថា ដូច្នេះដើម្បីទប់ស្កាត់ និងបង្ការ ហានិភ័យខាងលើ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹង និងក្រើនរំលឹកដល់ម្ចាស់ចម្ការកៅស៊ូទាំងអស់នៅទូទាំងប្រទេសឱ្យមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាត ចម្ការ និងធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ តាមការណែនាំដូចខាងក្រោម៖
១. កាត់ស្មៅនិងរុក្ខជាតិចង្រៃនៅជុំវិញប្រាំចម្ការនិងចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរឱ្យបានស្អាតនិងស្រឡះល្អ។
២. ប្រមូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួច និងស្លឹកកៅស៊ូដែលជ្រុះនៅតាមចន្លោះរងកៅស៊ូដែលជាប់ផ្លូវធ្វើដំណើរ ដោយត្រូវដាក់ជាគំនរៗប្រវែង២៥ម៉ែត្រដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ។
៣. ត្រូវដុតមួយគំនរម្តងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ។ ការដុតត្រូវធ្វើនៅពេល ព្រឹកព្រលឹមនិងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផ្កាភ្លើង ហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលក់អស់១០០ភាគរយ ក្រោយពេលឈប់ដុត។
៤. ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅ វេលាយប់។
៥. មិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រងនិងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។ ការដុតស្លឹកកៅស៊ូធ្វើឡើងជាបី ដំណាក់កាលគឺ៖ ទី១ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០ភាគរយ ទី២ ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ១០០ភាគរយ។
អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ចម្ការកៅស៊ូ ទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕