ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញបេីកវគ្គបណ្តុះបណ្តាលស្តីពី ការប្រេីប្រាស់ដ្រូន Magic 3E ដល់មន្ត្រីមច្ចេកទេសមកពីបណ្តាមន្ទីររាជធានី-ខេត្ត
ភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជេីញជាអធិបតីភាពក្នុងការបេីកវគ្គបណ្តុះបណ្តាលស្តីពី ការប្រេីប្រាស់ដ្រូន Magic 3E ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកកិច្ចការរដ្ឋបាល ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស លោកប្រធានមន្ទីរទាំង២៥រាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ឱ្យដឹងថា គោលបំណងវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីបង្កើនចំណេះដឹងជំនាញបន្ថែមទៀតដល់មន្ត្រីមន្ទីរពាក់ព័ន្ធទាំងអស់ ជាមួយនឹងការប្រើប្រាស់ដ្រូន សម្រាប់ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាសដែលមានកម្រិតភាពច្បាស់ខ្ពស់ និងកម្រិតលម្អៀងតិចបំផុត ងាយស្រួលក្នុងការវាស់វែង និងកំណត់ព្រំអាងទឹក ហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹក បង្កើតបានជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់ ជាមួយនឹងខ្សែកម្រិតកម្ពស់ដី ដែលមានលក្ខណៈលម្អិតច្បាស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសចំណេញពេលវេលាច្រេីនជាងមុន និងមិនចាំបាច់ពិបាកចុះវាស់វែងដោយផ្ទាល់ដល់ទីតាំងជាក់ស្តែង និងទីតាំងមួយចំនួនដែលយើងពិបាកក្នុងការធ្វើដំណើរទៅដល់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានផ្តាំផ្ញេីដល់មន្ត្រីសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ចំណាំ ដើម្បីជាប្រយោជន៍សម្រាប់ចំណេះដឹង ការប្រើប្រាស់ និងការអនុវត្តជាក់ស្តែងក្នុងការហោះថតផ្តិតយករូបភាពអាងស្តុកទឹក ស្ទឹង និងទន្លេ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹកនានា ដែលជាមូលដ្ឋាន និងទឡ្ហីករណ៍ត្រឹមត្រូវ ក្នុងការគ្រប់គ្រង និងអភិរក្សនូវរាល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងការងារទឹកទាំងអស់ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេលមួយថ្ងៃពេញ គឺពេលព្រឹកមានជាបទបង្ហាញ និងពេលរសៀលជាការចុះអនុវត្តជាក់ស្តែង នៅទីវាលជម្រកគ្រឿងចក្រក្រសួងធនធានទឹក និងឧតុនិយម ស្ថិតក្នុងភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕