អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១០នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
មន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបចំនួន ២លើក ចំណុចក្រុមទី២៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីពេលថ្មីៗកន្លងទៅ។
ពេលចុះបង្ក្រាបនោះ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ២២កញ្ចប់ ទម្ងន់១៧,១៤ក្រាម ថ្លឹងទាំងសំបក, ទូរស័ព្ទ១៥គ្រឿង, ដបជក់៣, បារីអេឡិចត្រូនិច៦, ដែកកេះ៨, ខ្សៀជក់៩, ដាវ២, អំពូលភ្លើងវិល ចំនួន២, កាំបិត១, កន្រៃ្ត៣ និងថង់ច្រកមួយចំនួន៕