អត្ថាធិប្បាយ៖ ទទួលយកគោលការណ៍ចិនតែមួយគឺជាការរួមដៃគ្នាក្នុងការពង្រឹងការអភិវឌ្ឍសន្តិភាព
«ឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ» ជាសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានផ្តល់ជាទឡ្ហីករណ៍ដល់សហគមន៍អន្តរជាតិមានយោបល់ឯកភាពរួមគ្នាថា សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងប្រជាជនចិន ហើយកោះតៃវ៉ាន់គឺជាដែនដីដែលមិនអាចបំបែកបានរបស់ប្រទេសចិន។ កម្លាំងនិងសកម្មភាពទាំងឡាយណាដែលបំបែកបំបាក់ប្រទេសចិនដើម្បីលេងឧបាយកលនយោបាយ និងបង្កើត «ចិនពីរ» ឬ «ចិនមួយ តៃវ៉ាន់មួយ» ជំរុញឲ្យមានអរិភាព និងការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រតៃវ៉ាន់ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ដោយធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពដែនដី ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ទ្វីប និងពិភពលោកផងដែរ។ ក្នុងន័យនេះ ទង្វើបែបនេះនឹងមិនមាននាំមកប្រយោជន៍អ្វីនោះទេ មានតែគ្រោះមហន្តរាយដល់មនុស្សជាតិ ហើយដែលសហគមន៍អន្តរជាតិត្រូវរួមសាមគ្គីជាធ្លុងមួយជាមួយចិនដើម្បីប្រឆាំងដាច់ខាតនឹងសកម្មភាពដែលគ្មានគុណតម្លៃដល់សន្តិភាពរបស់ពិភពលោក។ ជាក់ស្តែង ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពស្ថានការណ៍នយោបាយនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានគូសបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះ«គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ មួយវិញទៀត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ការសម្រេចចិត្តរបស់ប្រទេស Nauru ក្នុងការស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើគោលការណ៍ចិនតែមួយ គឺជាសេចក្តីប្រាថ្នារបស់មនុស្សជាតិហើយក៏ជាការបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងប្រទេស Nauru។
«ឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ» ជាបុរេលក្ខខណ្ឌដ៏ចម្បងនៅក្នុងការគោរពតាមគោលការណ៍ច្បាប់របស់អង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ក្នុងការគាំពារអធិបតេយ្យភាព បូរណភាពទឹកដី និងគាំទ្របុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនស្របតាមគោលដៅប្រចាំសតវត្សរ៍ដំណាក់កាលទីពីរក្នុងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដោយជំរុញនិងលើកទឹកចិត្តដល់ប្រជាជាតិចិនរស់នៅតៃវ៉ាន់ប្រញាប់វិលត្រឡប់ឱ្យកាន់តែឆាប់ចូលមករួមរស់ជាមួយមាតុភូមិវិញ ដើម្បីពង្រីកល្បឿននៃការអភិវឌ្ឍប្រទេសចិន និងជំរុញល្បឿនអភិវឌ្ឍដល់បណ្តាប្រទេសនានានៅក្នុងពិភពលោកស្របតាមតួនាទីដ៏សកម្មរបស់ប្រទេសចិនក្នុងចរន្តនៃវឌ្ឍនភាពសេដ្ឋកិច្ចសកល។ ការវិលត្រឡប់របស់តៃវ៉ាន់ស្របតាមកម្លាំងគាំទ្ររបស់សហគមន៍អន្តរជាតិនឹងនាំមកនូវភាពចម្រុងចម្រើនដល់ប្រជាជាតិចិន និងសំណាងល្អដល់មនុស្សជាតិទាំងអស់នៅក្នុងពិភពលោក ហើយជាពិសេសបង្រួញពេលាកាន់តែឆាប់ដល់ការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិនដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអនាគត និងជោគវាសនារបស់ជនរួមឈាមរបស់ខ្លួន។
«ឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ» ជាការគូសបញ្ជាក់ដោយបន្តនូវការអនុវត្តគោលនយោបាយ «ប្រទេសមួយ របបគ្រប់គ្រងពីរ» ដើម្បីអភិបាលលើដែនដីតៃវ៉ាន់ ដូចដែនដីកោះហុងកុងនិងកោះម៉ាកាវនាពេលបច្ចុប្បន្នដែលកំពុងទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងក្លាផ្នែកសេដ្ឋកិច្ច ហើយប្រជាជនចិនកំពុងរស់យ៉ាងសុខដុមនៅក្នុងវិបុលភាព ព្រមទាំងកំពុងបន្តយ៉ាងសកម្មនូវឫទ្ធានុភាពនៃអរិយធម៌ដ៏ភ្លឺស្វាងជាង៥០០០ឆ្នាំរបស់ប្រជាជាតិចិនទៀតផង។ កម្លាំងសហគមន៍អន្តរជាតិកាន់តែច្រើនលើសលុបដែលបាននិងកំពុងទះដៃអបអរសាទរដំណើរវិលត្រឡប់របស់តៃវ៉ាន់មកកាន់មាតុភូមិវិញគឺជាសក្ខីភាពយ៉ាងប្រត្យក្សដែលបានរំលេចពីអំណានយ៉ាងត្រឹមត្រូវលើសច្ចធម៌ប្រវត្តិសាស្រ្តពីដែនដីតៃវ៉ាន់ដែលជាដែនដីមិនអាចបំបែកចេញបានឡើយពីប្រទេសចិន។ តាមរយៈមេរៀនប្រវត្តិសាស្ត្ររបស់ប្រទេសចិននិយាយដោយឡែក ប្រវត្តិសាស្រ្តសកលនិយាយរួម មនុស្សជាតិនៅក្នុងពិភពលោកនឹងមានអារម្មណ៍ដក់ជាប់យ៉ាងជ្រាលជ្រៅថា តៃវ៉ាន់ជាដែនដីមិនអាចបំបែកបានឡើយពីប្រទេសចិន ហើយការវិលចូលមករួមរស់ជាមួយមាតុភូមិវិញជាគំរូភាពដ៏ល្អប្រពៃនៃការរួមកម្លាំងក្នុងនាមជាប្រជាជាតិតែមួយ ជាសាច់សារលោហិតរួមប្រវត្តិសាស្រ្ត និងជាកម្លាំងរួមជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិសំដៅថែរក្សាបានសន្តិភាពនិងការអភិវឌ្ឍ។
ជារួម ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិនដោយមិនអាចអវត្តមាននៃការវិលត្រឡប់របស់កោះតៃវ៉ាន់មកកាន់មាតុភូមិបាននឹងនាំក្តីសុបិនរបស់ជនជាតិចិនខិតជិតជាងមុនក្តីរំពឹងលើគោលដៅប្រចាំសតវត្សរ៍លើកទី២។ លើសពីនេះ ឆ្នាំ២០២៤ដែលជាខួប៧៥ឆ្នាំនៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រទេសទាំងអស់នៅលើពិភពលោកកំពុងត្រៀមខ្លឹមសារក្នុងលិខិតជូនពរជ័យដល់«គោលការណ៍ចិនតែមួយ» ដើម្បីទទួលស្គាល់សច្ចភាពនៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពដែនដី ឯករាជ្យភាពរបស់ប្រទេសចិន ព្រមទាំងរួមកម្លាំងជាមួយចិនបន្ថែមកម្រិតល្បឿនកាន់តែលឿនដល់ការអភិវឌ្ឍសកលបន្ស៊ីជាមួយគំនិតផ្តួចផ្តើមទាំង៤របស់ប្រទេសចិនស្របតាមប្រាជ្ញាចិនក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលជាសេចក្តីប៉ងប្រាថ្នារួមរបស់មនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន