គណបក្សហ៊្វុនស៊ិនប៉ិច ចេញសេចក្តីថ្លែងការណ៍ប្រកាសជំហរគោរព «គោលនយោបាយចិនតែមួយ»
ភ្នំពេញ៖ គណបក្សហ៊្វុនស៉ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍ដោយបានប្រកាសជំហរគោរព «គោលនយោបាយចិនតែមួយ និងទទួលស្គាល់រដ្ឋាភិបាលចិនជាតំណាងស្របច្បាប់តែមួយគត់របស់ចិន និងប្រជាជនចិន»។
នៅក្នុងសេចក្តីថ្លែងការណ៍គណបក្សហ៊្វុនស៊ិនប៉ិច បានគូសរំលេចថា គណបក្សហ៊្វុនស៊ិនប៉ិច តែងតែគោរព និង ដង្ហែ ដោយឥតងាករេតាមព្រះរាជគោលនយោបាយរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែល ជា ព្រះបិតាស្ថាបនិកនៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានគោលការណ៍ចិនតែមួយតាំងពីដើមរៀង មក។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា “ក្នុងនាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រថានគណបក្ស ហ៊្វុន ស៊ិនប៉ិច នៅតែបន្តគោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន”។
សូមបញ្ជាក់ថា ក្រោយពេលបោះឆ្នោតនៅតៃវ៉ាន់ មេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ បានបង្ហាញជំហរប្រកាស ឯក រាជ្យពីចិន។ បំណងមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ នាំឱ្យរដ្ឋាភិបាលចិនប្រតិកម្មជាខ្លាំង៕