ឥស្លាមអ៉ីរ៉ង់ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ៉ីរ៉ង់-កម្ពុជា លើវិស័យប្រេងកាត
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសារធារណរដ្ឋឥស្លាមអ៉ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីវិសាលភាពការងារនៃវិស័យទាំងបីរបស់ក្រសួងរួមមាន៖ វិស័យថាមពល រ៉ែ និងប្រេងកាត។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៉ីរ៉ង់ជាមួយប្រទេសកម្ពុជាលើវិស័យទាំងបីនេះ ជាពិសេសលើវិស័យប្រេងកាតឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈកិច្ចសហការរវាងក្រុមហ៊ុនប្រេងកាតជាតិអ៉ីរ៉ង់ជាមួយក្រសួងរ៉ែ និងថាមពល ដោយផ្តោតលើការកសាងសមត្ថភាព ចែករំលែកព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ៕