លោកជំទាវ បាន ស្រីមុំ ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំបក្សប្រជាជនគ្រប់ជាន់ថ្នាក់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យមើល ការសាងសង់ អាគារ មន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត ដែលស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការសាងសង់ អាគារមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តនេះ គឺជាសមិទ្ធផល ដែលបម្រើដល់ការងារគណបក្ស នៅក្នុងខេត្ត ឱ្យកាន់តែមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត ដោយស្របទៅនឹងគោលនយោបាយ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងប្រជាជន ហើយកន្លង មក គណបក្ស ត្រូវបានប្រជាជនបោះឆ្នោតគាំទ្រជានិច្ច ដើម្បីធ្វើការដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍន៍រីកចំរើនលើ គ្រប់ វិស័យបន្តទៀត។
លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាន អនុវត្តន៍ នូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យ ប្រទេសជាតិ មានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាលឡើងនៅគ្រប់ទីកន្លែង ទូទាំងប្រទេស ហើយជាក់ស្តែងនៅក្នុងខេត្តប៉ៃលិនយើងនេះ តាមរយៈក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ គឺមានការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ វត្តអារាម អណ្តូងទឹកស្អាត ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដោយយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ សម្រាប់ការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់ នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតី សាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបន្តរក្សាបាននូវប្រៀបឈ្នះ រាល់ការបោះឆ្នោតទាំងអស់នាពេលអនាគត់ ៕