រុស្ស៊ី កោតសរសើរការសម្រេចចិត្តដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ដែលជ្រើសរើសអ្នកបន្តវេនជាយុវជន
ភ្នំពេញ៖ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងតទៅទៀត។
ការលើកសរសើរបែបនេះ បានធ្វើឡើងក្នុងជំនួបសន្ទនាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
នៅក្នុងជំនួបសន្ទនា មេដឹកនាំគណបក្សទាំងពីរយល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យក្មេងជំនាន់ក្រោយ ជាពិសេសរុស្ស៊ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយបានអបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។
មេដឹកនាំគណបក្សទាំងពីរ ក៏បានយល់គ្នាថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នាដោយសាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភារុស្ស៊ីនិងបន្តកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកគ្រប់ជំនាន់៕