លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនជាងការស្លាប់ដោយសារជំងឺ
ភ្នំពេញ៖ សព្វថ្ងៃនេះអត្រានៃករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងគូឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយអត្រានៃការស្លាប់ និងរបួសក៏មានច្រើនផងដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិ នារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានមានប្រសាសន៍ថា អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនជាងការស្លាប់ដោយសារជំងឺ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែមករា ដោយភ្ជាប់ជាមួយវីដេខ្លីបមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា “ អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនជាងការស្លាប់ដោយសារជំងឺ។ មេត្តាជួយចែករំលែកដំបូន្មានដ៏ល្អនេះជូនដល់ប្រជាពលរដ្ឋយើងផង” ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ បណ្ដាលឲ្យមនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ។
ក្រោយកើតហេតុបានពីរថ្ងៃគឺនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បុរសម្នាក់បើករថយន្ដ Ford Ranger ត្រូវបាននគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕