រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គាធិការ អគ្គនាយករង ឯកឧត្ដម លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការពិភាក្សា និងផ្តល់យោបល់បន្ថែម ដើម្បីផ្តល់ធាតុចូលដ៏មានសារៈសំខាន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការកំណត់ចក្ខុវិស័យគឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដែលប្រែកម្មវិធីអាទិភាពចំនួន ៥។ កម្មវិធីអាទិភាពទាំង៥នេះ នឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលមានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្រ្ដី បានផ្តល់អនុសាសន៍បន្ថែម និងស្នើឲ្យមានការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង ដើម្បីឱ្យបានដឹងនិងចូលរួមអនុវត្តនូវផែនការ និងបេសកកម្មរបស់ក្រសួងសម្រាប់រយៈពេល ៥ឆ្នាំទៅមុខទៀត ៕