សម្ដេចធិបតី ឲ្យឯកឧត្ដម ស ថេត ពង្រឹងការត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំសូមឲ្យឯកឧត្តម ស ថេត ពិនិត្យមើលពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ព្រោះសោកនាដកម្មណាស់។ អត់មានអ្នកណាចង់ទេ សូម្បីតែបើកក៏មិនចង់ ប៉ុន្ដែអាហ្នឹងនៅក្នុងខ្លួន អ៊ីចឹងត្រូវធ្វើមិចទប់កុំឲ្យចូលខ្លួន ហើយទៅបើកបរអត់ប្រយ័ត្នប្រយែង ពង្រឹងច្បាប់ ពង្រឹងការត្រួតពិនិត្យ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថាដើម្បីឲ្យការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព មហាជន សាម៉ីខ្លួនបុគ្គលម្នាក់ៗ ត្រូវតែចូលរួមទាំងអស់គ្នា ព្រោះទាំងអ្នកបើកបរ អ្នករងគ្រោះមិនមានអ្នកណាម្នាក់ចង់ជួបហេតុការណ៍ទាំងអស់នោះឡើយ។ ការបាត់បង់សមាជិកគ្រួសារដោយសារតែគ្រោះថ្នាក់ចរាចរណ៍ គឺជាសោកនាដកម្មដែលក្រុមគ្រួសារនីមួយៗមិនចង់ជួបនោះទេ។
សម្ដេចធិបតីសង្កត់ធ្ងន់ថា គ្រោះថ្នាក់ធំនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ គឺគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង ពោលគ្រោះថ្នាក់សង្គមួយនេះស្លាប់ច្រើនជាងក្នុងសម័យសង្គ្រាម ស្លាប់ច្រើនជាងដោយសារគ្រាប់បែក គ្រាប់មីន ដូច្នេះការងារនេះមិនអាចធ្វេសប្រហែស ឬមើលរំលងបាននោះទេ ពោលត្រូវពង្រឹងនូវវិធានការត្រួតពិនិត្យលើអ្នកបើកបរ ដែលស្ថិតក្រោមសារធាតុស្រវឹង។
សម្ដេចធិបតីថ្លែងថា ការពង្រឹងការអនុវត្តវិធានការត្រួតពិនិត្យគ្រឿងស្រវឹងនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតមានឡើង។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង គ្រឿងញៀនជាដើម ៕