ឯកឧត្តម ប៊ុន ហ៊ាន ណែនាំដល់មន្ទីរធនធានទឹក ខេត្តកំពង់ចាមឱ្យបន្តតាមដាននិងត្រៀមនូវម៉ាស៊ីន និងសម្ភារៈ សម្រាប់អន្តរាគមន៍ស្រូវរដូវប្រាំងជូនប្រជាកសិករ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ សម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្ត ត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ក៏បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅប្រព័ន្ធធារាសាស្រ្តសំខាន់ៗមួយចំនួនដូចជា៖ ទី១)ទំនប់ប្រកើន ស្ថិតនៅឃុំមេព្រីង ស្រុកបាធាយ ដែលមានផ្ទៃដីស្រូវប្រាំងចំនួន ១,២៧០ហិកតា និងទី២)ទំនប់អាងស្តុកទឹកថ្មដា ស្ថិតនៅឃុំបឹងណាយ ស្រុកព្រៃឈរ ដែលមានផ្ទៃដីស្រូវប្រាំងចំនួន ១,៥៥០ហិកតា។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បាននិងកំពុងបូមទឹកជួយសង្រ្គោះស្រូវប្រាំងដែលកំពុងជួបបញ្ហាខ្វះទឹកចំនួន ១៧៥ហិកតា ជូនដល់បងប្អូនប្រជាកសិករ នៅភូមិមេព្រីង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមឱ្យបន្តតាមដានដោយយកចិត្តទុកដាក់ និងត្រៀមនូវម៉ាស៊ីន គ្រឿងចក្រ ឧបករណ៍ និងសម្ភារៈ សម្រាប់កិច្ចអន្តរាគមន៍ស្រូវរដូវប្រាំងជូនដល់ប្រជាកសិករ នៅទូទាំងខេត្តកំពង់ចាមផងដែរ ៕