សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ និងត្រូវរកដំណោះស្រាយដោយសន្តិភាព
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ និងត្រូវប្រកាន់ខ្ជាប់នៃការរកដំណោះស្រាយដោយសន្តិភាព ខណៈសង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបាននោះទេ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅភូមិគ្រឹះតាខ្មៅ ខណៈអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្សរុស្ស៊ីរូបរួមជាមួយបណ្តាគណបក្សប្រទេសនៅតំបន់អាស៊ាន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវបន្តប្ដេជ្ញាចិត្តក្នុងការពង្រឹងតួនាទីអង្គការសហប្រជាជាតិ ជាពិសេសគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីសណ្ដាប់ធ្នាប់ពិភពលោក៕