ការជួសជុលផ្លូវសល់ពីសង្គមចាស់រង្វង់មូលព្រាប-ស ក្នុងខេត្តក្រចេះ សម្រេចបានជាង២០ភាគរយ
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះបានឲ្យដឹងថា ផ្លូវខេត្តលេខ៣៧៧ដែលកំពុងសាងសង់ពីរង្វង់មូលព្រាប-ស ទៅទីរួមស្រុកសម្បូរក្នុងខេត្តក្រចេះ ដែលជាផ្លូវតាំងពីសង្គមចាស់ត្រូវបានស្ថាបនាថ្មីឡើងវិញ គិតត្រឹមខែមករា ឆ្នាំ២០២៤ មកដល់ពេលនេះ សម្រេចបាន២២ភាគរយហើយ។
រដ្ឋបាលខេត្តក្រចេះ បានគូសបញ្ជាក់ឱ្យដឹងថា ផ្លូវមួយខ្សែនេះ គឺជាប់តាមបណ្ដោយមាត់ទន្លេមេគង្គអមទៅដោយដើមឈើធំៗ និងផ្ទះប្រជាពលរដ្ឋជាច្រើនថែមទៀត។ ផ្លូវនេះ គឺជាផ្នែកមួយនៃការធ្វើដំណើរលើវិស័យទេសចរណ៍របស់ខេត្តក្រចេះ ដែលផ្លូវមួយខ្សែនេះអាចធ្វើអំណើរទៅរមណីយដ្ឋានជាច្រើនតាមដងទន្លេមេគង្គនៃត្រើយខាងកើតរួមមាន៖ តំបន់ទេសចរណ៍អន្លង់ផ្សោតកាំពីរ រមណីយដ្ឋានទឹកជួរកាំពី ទៅទស្សនាវិហារសសរ១០០ និងតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទៀត។
រដ្ឋបាលខេត្តឱ្យដឹងបន្តថា ការសាងសង់ពង្រីកផ្លូវមួយខ្សែនេះ ស្ថិតក្រោមគម្រោង RCIP ដែលបានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០២៣ មានប្រវែង៣៥,៥គីឡូម៉ែត្រ និងមានស្ពាន៩កន្លែងសម្រេចបានលទ្ធផល២២ភាគរយ គិតត្រឹមខែមករាឆ្នាំ២០២៤៕