រដ្ឋមន្ត្រីក្រសួងការងារ ជំរុញក្រុមហ៊ុនចិនជួយពង្រឹងសមត្ថភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមហ៊ុន Hunan Construction Investment Group បង្កើតកិច្ចសហប្រតិបត្តិការ និងការគាំទ្រការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេសលើវិស័យសំណង់ និងវិស័យគ្រឿងយន្តនៅកម្ពុជា។ នេះគឺជាលើកឡើងរបស់ឯឧត្តមរដ្ឋមន្ត្រីក្នុងជំនួបជាមួយលោក Cai Dianwei ប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Group ដែលធ្វើឡើងនៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនវិស័យឯកជនចិនពីភាពចាំបាច់ក្នុងការពង្រឹងគុណភាព និងសមត្ថភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល។
ដើម្បីឱ្យកម្មវិធីនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ការជួយជ្រោមជ្រែងលើកកម្ពស់ លើកម្រិតកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូឧទ្ទេស គឺជាកត្តាចាំបាច់ដែលក្រសួងត្រូវការការចូលរួមពីដៃគូ។ នេះបើតាមឯកឧត្តមរដ្ឋមន្ត្រីដដែល។
ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Group ក៏បានគូសបញ្ជាក់ពីសារ:សំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាចំណុចគន្លឹះមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។
ក្រៅពីនេះ លោក Cai Dianwei ក៏បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជាដែលរីកចម្រើនយ៉ាងច្រើនលើគ្រប់វិស័យមិនថាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងវិស័យផ្សេងៗដែលមានភាពប្រទាក់ក្រឡាក្នុងការអូសទាញការវិនិយោគពីបរទេស។
ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចចំពោះដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីឱ្យក្រុមហ៊ុនអាចទទួលបានជោគជ័យក្នុងករណីដែលមានការបោះទុន ឬសហការក្នុងវិនិយោគនៅកម្ពុជា ៕