សម្តេចធិបតី៖ ខួបលើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធឡើងនៅពេលដែលកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធធ្វើឡើងនៅពេលដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ។
សម្តេចធិបតី បានថ្លែងបន្តទៀតថា មិនតែប៉ុណ្ណោះ កម្ពុជាក៏បាននិងកំពុងបន្តឈានទៅប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងសមិទ្ធិផលថ្មីៗរបស់ខ្លួនលើឆាកអន្តរជាតិ ខណៈពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយសេចក្តីសុខ និងផ្លែផ្កានៃសុខសន្តិភាព។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោពលខេមរភូមិន្ទដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិកម្ពុជា ៕