មនុស្សជាង១២ម៉ឺននាក់ បានចុះសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែមករា ២០២៤នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួន ១២៦ ៤៧៥នាក់។ នេះបើតាមឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
បើតាមឯកឧត្តម ក្នុងចំណោមសមាជិក របបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួន ១២៦ ៤៧៥នាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ១១០ ១៧៣នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ១៦ ៣០២នាក់។
ឯកឧត្តមបន្ថែមថា រហូតមកទល់ពេលនេះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ៦៧ ២៤៨ដង។ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៩៧០,៨២លានរៀល។
ឯកឧត្តមលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅថ្ងៃទី១៤ខែ វិច្ឆិកា២០២៣ បាន ប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្រសួងការងារ បានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។
គិតត្រឹមថ្ងៃនេះ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៦៤៦លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៧៦ ៥០៥នាក់ និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញ សង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៦ ៨៨៤ដង និងចំនួនចូលទស្សនា ២១១ ២៩០ដងបន្ថែមទៀត៕