មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចូលរួមកិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទីមួយ នៃកម្មវិធីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និងជាសមាជិកនៃគណៈកម្មការតម្រង់ទិសនៃកម្មវិធី CAPRED នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទីមួយ នៃកម្មវិធីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធានជាមួយកញ្ញា Amber CERNOVS លេខាទូតទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីសមាជិកដែលអញ្ជើញមកពីបណ្តាក្រសួងពាក់ព័ន្ធ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងអនុម័តតួនាទីភារកិច្ច និងសមាជិកនៃគណៈកម្មការតម្រង់ទិស (Programme Steering Committee) ការធ្វើបច្ចុបន្បន្នភាពលើ Programme’s Logic ការគាំទ្រលើវិធីសាស្ត្រយុទ្ធសាស្ត្ររបស់ CAPRED ការពិនិត្យឡើងវិញ និងអនុម័តជាគោលការណ៍លើថវិកា និងផែនការការងារប្រចាំឆ្នាំ ២០២៣-២០២៤ រួមទាំងអនុម័តលើការចាត់មន្ត្រីទំនាក់ទំនងរដ្ឋាភិបាលរបស់ក្រសួងពាក់ព័ន្ធ។
អង្គប្រជុំបានសម្រេចឱ្យមានការចងក្រង និងរៀបចំក្រុមការងារសម្របសម្រួលយុទ្ធសាស្ត្រ ដើម្បីពិភាក្សាលម្អិតបន្ថែមលើផែនការសកម្មភាពនិងថវិកា សម្រាប់សកម្មភាពការងារ ៦ខែចុងក្រោយ ឆ្នាំ២០២៣-២០២៤ ព្រមទាំងបន្តពិភាក្សាលើសកម្មភាពអាទិភាពដែលស្របទៅតាមគោលនយោបាយអាទិភាពរបស់ក្រសួងជំនាញនីមួយៗ រវាងក្រុមការងារ CAPRED និងបណ្តាក្រសួងជំនាញ ដើម្បីដាក់ជូនគណៈកម្មាធិការតម្រង់ទិសពិនិត្យ ផ្ដល់យោបល់បន្ថែម និងសម្រេច ក្នុងកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសបន្ទាប់៕