សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកងទ័ពពង្រឹងនយោបាយការទូតយោធាជាមួយភាគីមិត្ត តាមរយៈការងារហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់កងទ័ពខិតខំលើការពង្រឹងនយោបាយការទូតយោធា តាមរយៈការកសាងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត នៅក្នុងការធ្វើការហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នា ។
ក្នុងឱកាសអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងក៏បានកសាងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត នៅក្នុងការធ្វើការហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នា ហើយកិច្ចការងារនេះសូមបន្តធ្វើ ។ ការទូតយោធា គឺជាការចូលរួមសំខាន់ ក្នុងការថែរក្សាសន្តិភាព មិត្តភាពរវាងប្រទេស និងប្រទេស ព្រោះការប្រយុទ្ធគ្នា គេមិនដែលយកស៊ីវិលទៅគប់ដុំថ្មដាក់គ្នានោះទេ គឺមានតែកងទ័ព កងកម្លាំងប្រដាប់អាវុធ ដូចនេះការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា បង្កើតភាពទុកចិត្ត ស្គាល់គ្នា រួមគ្នាទប់ទល់ជាមួយនឹងបញ្ហារួមដូចជា ឱក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ប្រឆាំងភេរវកម្ម គឺជាកិច្ចការដែលយើងត្រូវធ្វើ» ។
សម្តេចធិបតី បន្ថែមថា ការទូតយោធានេះគឺស្ថិតនៅក្នុងចក្ខុវិស័យ និងទិសដៅរបស់យើង ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជាក៏បានឃើញចុះហត្ថលេខាបង្កើតមិត្តភាពជាមួយបណ្ដា ប្រទេសជាច្រើនដូចជា៖ ជប៉ុន ចិន កូរ៉េ ហ្វីលីពីន សាំងហ្គាពួ និងបណ្តាប្រទេសជាច្រើនទៀតនៅក្នុងអាស៊ាន។
សម្តេចធិបតី ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការងារពង្រឹងការហ្វឹកហ្វឺន យកចិត្តទុកដាក់នៅក្នុងការពង្រឹងសាលា ការកសាងសាលាដែលមិនទាន់បានហើយគឺនៅបន្តធ្វើទៀត និងឈានទៅដល់ការកសាងបន្តទៀត ត្រូវយកចិត្តទុកដាក់លើការរៀបចំកម្មវិធីសិក្សា និងការស្រាវជ្រាវបន្ថែមទៀតផងដែរ ៕