សម្ដេចធិបតី៖ កងទ័ពជាកម្លាំងមួយដ៏សំខាន់ តែងផ្សាភ្ជាប់គ្រប់ដំណាក់កាល នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់ជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា កងទ័ពជាកម្លាំងមួយដ៏សំខាន់ ហើយតែងតែផ្សាភ្ជាប់ នៅគ្រប់ដំណាក់កាល នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់ជាតិ ។
ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី បញ្ជាក់ថា «កងទ័ព គឺជាកម្លាំងមួយដែលសំខាន់ កងទ័ពអាចផ្ដើមសង្គ្រាម ហើយកងទ័ពក៏ចូលរួមសំខាន់ក្នុងការបញ្ចប់សង្គ្រាម។ ទស្សវត្ស៍ទី៧០ រដ្ឋប្រហារ គឺដោយសារកងទ័ព ដែលធ្វើឲ្យប្រទេសធ្លាក់ចូលភ្លើងសង្គ្រាម ការប្រយុទ្ធគ្នាបែកបាក់ទឹកដី ប៉ុន្ដែនៅឆ្នាំ១៩៩៨ ក៏ដោយសារការចូលរួមរបស់កងទ័ពគ្រប់ភាគីជាពិសេស កងទ័ពអតីតខ្មែរក្រហមដែលចូលរួម បើសិនជាគ្មានការចូលរួមរបស់កងទ័ព បណ្ដាមេបញ្ជាការតាមបណ្ដាអង្គភាព កងពលនោះទេ ការចូលរួមរបស់មេដឹកនាំនយោបាយរបស់ អតីតអង្គការចាត់តាំងខ្មែរក្រហម ក៏មិនជោគជ័យនោះដែរ»។
សម្ដេចលើកឡើងថា នៅលើពិភពលោកមានប្រទេសជាច្រើន ដែលបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដោយសារតែកងទ័ពធ្វើរដ្ឋប្រហារ និងដោយសារកងទ័ពបោះបោរមិនស្ដាប់ មេដឹកនាំនយោបាយ ដូច្នេះនៅក្នុងដំណាក់កាលនៃការអនុវត្តជោគជ័យនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងការចូលរួមរបស់ប្រតិបត្តិករសំខាន់ៗ ក្នុងកងទ័ពជាស្នូល។
សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដាក់ចេញកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ប៉ុន្តែការកែទម្រង់ ធ្វើទំនើបកម្មកងទ័ព គឺមិនត្រូវឲ្យបាត់ស្មារតី ការពារជាតិ ស្មោះត្រង់នឹងជាតិ និងប្រជាជន, ស្មារតីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងការថែរក្សាសុខសន្តិភាព ហើយ សម្ដេចបានណែនាំបញ្ជាការដ្ឋានកងទ័ពជើងគោកបន្តធ្វើកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងបំពាក់ផ្សេងៗ ៕