សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ មីក្រូហិរញ្ញវត្ថុមានតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា
ភ្នំពេញ៖ មីក្រូហិរញ្ញវត្ថុបានតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ មីក្រូហិរញ្ញវត្ថុមិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេតែថែមទាំងជាកម្លាំងចលករ ជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីថ្មីៗនេះ ដោយយោងទៅតាមរបាយការណ៍ឯករាជ្យមួយ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា របាយការណ៍ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអនុវត្តដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា។ ជាលទ្ធផល បង្ហាញឱ្យឃើញនូវសមិទ្ធិផលរបស់វិស័យនេ លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បញ្ហានានាដែលកើតមានឡើងស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះដែល លទ្ធផលរកឃើញសំខាន់ៗពីការសិក្សារួមមាន៖ ការសិក្សាអំពីការវាយតម្លៃលើផលជះដែលបានធ្វើឡើងយ៉ាងយកចិត្តដាក់ជាមួយអតិថិជនជាង ៣២០០នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជ្រើសរើសមកពីភូមិជាង៤៥០ភូមិក្នុងខេត្តចំនួន១០ខេត្ត បានបង្ហាញផលជះចម្រុះនៃវិស័យមីក្រូហិរញ្ញវត្ថុទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។
ការសិក្សាបានបង្ហាញថាពីរភាគបីនៃពលរដ្ឋដែលស្ថិតក្នុងការសិក្សា បានរាយការណ៍ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេដោយ៣១ភាគរយទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើននិងមានជីវភាពល្អប្រសើរជាងមុនខណៈដែល៣៦ភាគរយផ្សេងទៀតបានរាយការណ៍ពីភាពល្អប្រសើរនូវជីវភាពខ្លះក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ នេះបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងបន្តថា ការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្វែងយល់ពីរបៀបដែលវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុងជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗមួយចំនួនដូចជា SDGទី១ គ្មានភាពក្រីក្រភាព SDGទី២ គ្មានភាពអត់ឃ្លាន SDGទី៣ សុខភាពល្អ និងសុខុមាលភាព គុណភាពជីវិត។ រីឯSDGទី៥ សមភាពយេនឌ័រការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ ជួយដល់ SDGទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច កំណើនសហគ្រិនភាព។ ជំរុញ SDGទី១១ ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព និង SDGទី១២ការប្រើប្រាស់និងការផលិតប្រកបដោយការទទួលខុស។
ជាមួយគ្នានោះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអត្ថាធិប្បាយអំពីលទ្ធផលរកឃើញនៃរបាយការណ៍នេះថា៖ «ផលជះដែលជួយឱ្យមានការផ្លាស់ប្តូរនៃវិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែជាផលជះផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើទិដ្ឋភាពសង្គមកម្ពុជាទាំងមូលទៀងផង។ ការសិក្សាស្រាវជ្រាវនេះបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់វិស័ យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញការផ្ដល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ក្នុងនាមសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាយើងប្ដេជ្ញាយកលទ្ធផលស្រាវជ្រាវនេះដើម្បីបន្តពង្រឹងការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យដល់សង្គមរបស់យើង»៕