កម្ពុជា-អ៉ីស្រាអែល ឯកភាពសិក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងប្រទេសទាំងពីរដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានស្វាគមន៍គ្នាទៅវិញទៅមក និងបានចែករំលែកព័ត៌មានពីវិបត្តិដែលកំពុងកើតឡើងនៅតំបន់ហ្គាសា។ ឆ្លងតាមរយៈទំនាក់ទនងដ៏ល្អនៃប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពសិក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។
ជាមួយគ្នានេះ ឯកឧត្តរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនភាគីអ៉ីស្រាអែលពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលកម្ពុជា បាន និងកំពុងបន្តសហការជាមួយនឹងសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម។
មុននឹងបញ្ចប់ជំនួប ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូតបានរំពឹងថា កម្ពុជា និងអ៉ីស្រាអែលនឹងអាចបង្កើតកិច្ចសហការប្រកបដោយផ្លែផ្កានាពេលខាងមុខ ៕