ឯកឧត្តម ហេង សួរ ជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើការបណ្តុះបណ្តាលក្នុងអាណត្តិថ្មី
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ។
ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តម ហេង សួរ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន ដឹកនាំដោយលោកបណ្ឌិត ណុប នរិន្ទធ្វើឡើងនៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមាគមពីតួនាទីជាអាទិភាពរបស់ក្រសួងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីបង្កើតកម្លាំងពលកម្មជំនាញក្នុងទីផ្សារការងារកម្ពុជាដែលកំពុងមានភាពទូលំទូលាយទាមទារឱ្យវិស័យឯកជនចូលរួម ជាពិសេសវិទ្យាស្ថានដែលធ្លាប់បណ្តុះបណ្តាលជំនាញឯកទេសនេះផងដែរ។
ជាការឆ្លើយតបខាងសមាគម បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ហើយបានយល់យ៉ាងច្បាស់ពីគោលនយោបាយជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ។
មុននឹងបញ្ចប់ ឯកឧត្តម ហេង សួរ បានអះអាងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយបណ្តុះបណ្តាលគ្រូបង្គោលរបស់វិស័យឯកជនលើជំនាញចាំបាច់ណាមួយដែលសមាគមត្រូវការដើម្បីបំពេញ និងបង្កើនសមត្ថភាពបន្ថែម៕