លោកជំទាវ អុង សុភាវី ដឹកនាំកិច្ចប្រជុំពិភាក្សារកធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្ររបស់ក្រុមការងារយេនឌ័រក្រសួងនិងពង្រឹងរបៀបរបបការងារ
ភ្នំពេញ៖ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារកធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្ររបស់ក្រុមការងារយេនឌ័រក្រសួងនិងពង្រឹងរបៀបរបបការងារ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជាអនុប្រធាន ក្រុមការងារ យេនឌ័រក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារយេនឌ័រ តាមបណ្ដាអង្គភាពក្រោមចំណុះក្រសួងទាំងអស់ ។
កិច្ចប្រជុំនេះ ធ្វើឡើងគឺដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឱ្យស្របតាមគោលនយោបាយរបស់ក្រសួង ក៏ដូចជាការគាំទ្រដល់ផែនការយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលស្ដីពីសមភាពយេនឌ័រ និងការធ្វើបរិបទកម្មឌីជីថល ។
នាឱកាសនោះដែរ លោកជំទាវប្រធានអង្គប្រជុំ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដល់លោកជំទាវអនុប្រធាន និងប្រធានក្រុមការងារតាមបណ្ដាអគ្គនាយកដ្ឋានផ្សេងៗដែលបានចូលរួមអនុវត្ត និងជំរុញវឌ្ឍនភាពការងារទូទៅរបស់ក្រុមការងារយេនឌ័រក្រសួង និងការផ្ដល់ធាតុចូលសំខាន់ៗ ដើម្បីឱ្យការងារប្រព្រឹត្តទៅដោយរលូន។
លោកជំទាវប្រធានអង្គប្រជុំ បានជំរុញដល់ថ្នាក់ដឹកនាំ និងសមាជិកដែលមានវត្តមាននៅទីនេះ ត្រូវបន្តពិនិត្យពង្រឹង និងកែសម្រួល នូវចំណុចខ្វះខាតក្នុងការអនុវត្តផែនការយុទ្ធរបស់ក្រុមការងារយេនឌ័រឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពទទួលខុសត្រូវខ្ពស់រាល់ផែនការដែលបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រ និងស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផងដែរ ៕