អភិបាលខេត្តពោធិ៍សាត់៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យសាងសង់ទំនប់ទី២ ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក
ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យសាងសង់ទំនប់ទី២ ជាបន្ទាន់ ជាអាទិភាព ខណៈដែលគម្រោងទំនប់ផ្សេងៗទៀត បាននឹងកំពុងដំណើរការ និងកំពុងសាងសង់ជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក។
ឯកឧត្ដម ខូយ រីដា បានលើកឡើងបែបនេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ស្ថាប័នតុលាការ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលស្រុកក្រុង ក្រុមប្រឹក្សាឃុំសង្កាត់ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ប្រមាណជាង២០០នាក់។
ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងនូវការកោតសរសើរ ដល់មន្ទីរជំនាញ និងរដ្ឋបាលស្រុកក្រុង ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះជួយអន្តាគមន៍ ពាក់ព័ន្ធទៅនឹងការចែកចាយទឹក សម្រាប់ស្រូវរដូវប្រាំងជូនប្រជាកសិករ ទោះជាមិនបាន១០០%ក៏ដោយ ក៏យើងបានអស់ពីលទ្ធភាព និងបានរួចផុតពីការខូចខាតបានមួយចំណែកធំ។ តែទោះជាយ៉ាងនេះ ទាំងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តត្រួតពិនិត្យ តាមដានឱ្យបានជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ នេះដោយសារតែឆ្នាំនេះ ការធ្វើស្រែប្រាំងរបស់ប្រជាកសិករ បានអនុវត្តលើសផែនការកំណត់ ជាមួយនឹងតម្លៃស្រូវខ្ពស់ផងដែរ។
ឯកឧត្ដម បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ ទៅដល់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ជាពិសេសកងកម្លាំងប្រ ដាប់អាវុធទាំង៣ ត្រូវសហការចូលរួមបង្កាបង្ក្រាប នូវរាល់បទល្មើសគ្រប់ប្រភេទ ឱ្យបានដូចភ្លៀងរលឹម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីផ្តល់នូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ដែលកន្លងមកនេះពិនិត្យឃើញថា នៅមានករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានជាបន្តបន្ទាប់ បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស និងខូចខាតទ្រព្យសម្បត្តិ ដោយសារការមិនគោរពច្បាប់ចរាចរណ៍។
ចំពោះបញ្ហាសណ្តាប់សាធារណៈ ឯកឧត្ដម ខូយ រីដា បានឱ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់នូវវិធានការឱ្យបានល្អ តាមតំបន់ប្រជុំជន ព្រោះថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្ដមបានខិតខំកៀងគរអ្នកវិនិយោគ ដើម្បីឱ្យខេត្តពោធិ៍សាត់យើង ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាក់ជាមិនខាន និងសូមឱ្យគ្រប់មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ចូលរួមសម្អាតបរិស្ថានឱ្យកាន់តែមានភាពទាក់ទាញ ស្របតាមការវាយតម្លៃ របស់គណៈកម្មការខេត្ត ក្នុងការប្រឡងប្រណាំង ដើម្បីទទួលបានរង្វាន់ សម្រាប់ស្រុក ក្រុង ឃុំ សង្កាត់ ដែលលេចធ្លោ។
ឯកឧត្ដមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមឱ្យគ្រប់គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ត្រូវតាមដានអំពីសកម្មភាព បាតុភាពកើតនៅនឹងកន្លែង ព្រមទាំងឆ្លើយតបធ្វើការដោះស្រាយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរជជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបាន ការរុកទន្ទ្រានដីព្រៃ បទល្មើសជលផល គ្រឿងញៀន។ល។… ដោយឡែកឆ្នោតឡូតូ សូមឱ្យសមត្ថកិច្ចជំនាញ ចុះពិនិត្យឡើងវិញ អំពីអាជ្ញាប័ណ្ណដែលមាន។ បន្តការខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យបានល្អ និងត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពជឿជាក់ ពីសំណាក់មហាជន ប្រជាជន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់៕