រដ្ឋមន្រ្តីបរិស្ថាន ផ្សព្វផ្សាយភាពស្អាតរបស់កម្ពុជាកៀរគរហិរញ្ញប្បទានបៃតង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសហព័ន្ធអាល្លឺម៉ង់ ដែលដឹកនាំដោយឯកឧត្តម ចូខេន ហ្វាស់បឺស (Jochen Flasbarth) រដ្ឋលេខាធិការ ក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នាទីស្តីការក្រសួងបរិស្ថាន។
នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្សព្វផ្សាយអំពីភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីបេះដូងស្អាត ចិត្តស្អាត ឥរិយាបទស្អាតរបស់សិស្សានុសិស្សជិត ៤លាននាក់ តាមរយៈសកម្មភាព និងការប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!”។ ស្របនឹងការលើកឡើងនេះ ឯកឧត្តម ចូខេន ហ្វាស់បឺស (Jochen Flasbarth) រដ្ឋលេខាធិការក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបានសម្តែងនូវការសាទរចំពោះភាពជោគជ័យដ៏ធំរបស់កម្ពុជា តាមរយៈការបណ្តុះគំនិតស្អាតដល់យុវជនជំនាន់ក្រោយ ពីព្រោះថាយុវជនជាចលករសំខាន់ក្នុងការទប់ស្កាត់ និងការពារ អភិរក្សជីវៈចម្រុះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។
បន្ថែមពីនេះ ឯកឧកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានបន្តទៀតថា បន្ទាប់ពីភាពស្អាត កម្ពុជានឹងបន្ថែមនូវភាពបៃតង តាមរយៈការដាំដើមឈើឱ្យច្រើនជាងការកាប់ ជាមធ្យមកម្ពុជានឹងមានដើមឈើប្រមាណជាង ១លានដើមដាំជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ។ លើសពីនេះ ភាពបៃតងនឹងរួមចំណែកធ្វើឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ជាពិសេសបើកឱកាសដល់អ្នកវិនិយោគបៃតងឱ្យមកវិនិយោគនៅកម្ពុជា និងទទួលបានហិរញ្ញប្បទានបៃតងសម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច។
គាំទ្រនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ចូខេន ហ្វាស់បឺស (Jochen Flasbarth) នឹងរួមចំណែកក្នុងការគ្រប់គ្រងសំណល់ និងការរៀបចំគោលនយោបាយនានាក្នុងកិច្ចគាំពារបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាននិងក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមទីជនបទ ជាពិសេសជនជាតិដើមភាគតិច ៕