ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវិធានការរួមដើម្បីទប់ស្កាត់អគ្គិភ័យក្នុងវិស័យកម្មមន្តសាល និងឧស្សាហកម្មទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្នុងគោលបំណងពិភាក្សា និងដាក់ចេញវិធានការ និងយុទ្ធនាការរួមគ្នាដើម្បីទប់ស្កាត់អគ្គិភ័យនៅតាមរោងចក្រសហគ្រាស និងគ្រឹះស្ថានក្នុងវិស័យកម្មមន្តសាល និងវិស័យឧស្សាហកម្មទេសចរណ៍។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក្រៅពីថ្នាក់ដឹកនាំក្រសួងការងារ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងឡើងពីភាពចាំបាច់នៃកិច្ចសហការអន្តរស្ថាប័នរបស់ក្រសួងពាក់ព័ន្ធទាំងអស់ដើម្បីគិតគូបន្ថែមទៀតក្នុងការផ្តល់សុវត្ថិភាព និងការបង្ការគ្រោះអគ្គិភ័យដល់រោងចក្រសហគ្រាសនិងគ្រឹះស្ថានអាជីវកម្មទាំងអស់ដែលជាទីតាំងប្រតិបត្តិការអាជីវកម្មបែបប្រមូលផ្តុំ។
បន្ទាប់ពីបានពិភាក្សា និងលើកជាយោបល់ពីតំណាងក្រសួងពាក់ព័ន្ធនីមួយៗយ៉ាងផុលផុស កិច្ចប្រជុំ បានឯកភាពឱ្យបង្កើតជាសេចក្តីណែនាំរួមស្តីពីវិធានការអប់រំ បង្ការ និងទប់ស្កាត់ឱ្យបានជាអតិបរមានូវគ្រោះអគ្គិភ័យនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ដែលនេះគឺជាការគិតគូរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕