គម្រោងសាងសង់ស្ពាន ពីផ្សាររាត្រី-អរិយក្សត្រ តម្លៃជាង ៣០០លានដុល្លារ នឹងបញ្ចប់នីតិវិធីនានា នៅអំឡុងត្រីមាសទី១ ឆ្នាំនេះ
ភ្នំពេញ៖ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យឹដឹងថា គម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចាប់ពីផ្សាររាត្រី-អរិយក្សត្រ ដែលទទួលជំនួយពីកូរ៉េខាងត្បូងនោះ គ្រោងនឹងបញ្ចប់នីតិវិធីនានា នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤នេះ។
បើតាមអ្នកនាំពាក្យបានឲ្យដឹងថា បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងពិនិត្យឡើងវិញសេចក្តីព្រាង, របាយការណ៍វាយតម្លៃបច្ចេកទេស,ពិនិត្យ និងអនុម័តលទ្ធផលវាយតម្លៃ និងដំណើរការចរចាកិច្ចសន្យាដើម។ ទាក់ទិនពេលវេលា បើកការដ្ឋានសាងសង់ គឺពុំទាន់កំណត់នៅឡើយទេ ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងចំណាយថវិកាជាង ៣០០លានដុល្លារដែល បានចុះហត្ថលេខាព្រមព្រៀងរវាងភាគីទាំង២ ក្នុងការផ្តល់ជំនួយ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២៕